សាសន៍អេប្រាអិម Ephraimites អេប្រាអិមគឺជាកូនប្រុសទីពីររបស់យ៉ូសែប (សូមមើល http://www.dkdl.org/?page_id=2021)។ ពូជអំបូរពីររបស់អ៊ីស្រាអែលមកពីកូនប្រុសទាំងពីរនាក់របស់យ៉ូសែប គឺពូជអំបូរម៉ាន៉ាសេនិងពូជអំបូរអេប្រាអិម។ ដូច្នេះអ៊ីស្រាអែលមានពូជអំបូរដប់បីក្រុម ប៉ុន្តែគេបានរក្សាចំនួនដប់ពីរដោយដកពូជអំបូរលេវីចេញនៅពេលគេរាប់អេប្រាអិមនិងម៉ាន៉ាសេផ្សេងពីគ្នា (ជនគណនា ១:៣២–៣៤; យ៉ូស្វេ ១៧:១៤, ១៧; ១របាក្សត្រ ៧:២០)។ ព្រះពររបស់យ៉ាកុបបានធ្វើអោយពូជអំបូរអេប្រាអិមធំជាងពូជអំបូរម៉ាន៉ាសេ(លោកុប្បត្ដិ ៤១:៥២; ៤៨:១)។
នៅពេលធ្វើជំរឿនលើកទីមួយនៅក្នុងវាលរហោស្ថានពូជអំបូរនេះមានគ្នាចំនួន៤០៥០០នាក់ (ជនគណនា ១:៣២, ៣៣) រយៈពេលសែសិបឆ្នាំក្រោយមកនៅពេលហៀបនឹងចាប់យកទឹកដីសន្យាពូជអំបូរនេះមានគ្នាតែ៣២៥០០ប៉ុណ្ណោះ។ នៅកំឡុងពេលធ្វើដំណើរចេញពីស្រុកអេស៊ីព្ទ អេប្រាអិមមានទីតាំងនៅខាងលិចរោងឧបោសថ (ជនគណនា ២:១៨-២៤)។
យ៉ូស្វេ១៦:១-១០ មាននិយាយអំពីព្រំដែននៃទឹកដី ដែលត្រូវបានផ្តល់អោយអេប្រាអិម។ ព្រំដែននោះរួមបញ្ចូលតំបន់ស្ទើរតែទាំងអស់ដែលត្រូវបានគេហៅថាសាម៉ារី។ ដូច្នេះវាគឺជាចំណុចកណ្តាលនៃទិសទាំងអស់ ចាប់ពីទិសខាងជើងដល់ខាងត្បូងនិងពីយ័រដាន់ដល់សមុទ្រ។ រោងឧបោសថនិងហិបសញ្ញាបាននៅតំបន់ស៊ីឡូរនៅក្នុងអេប្រាអិមអស់រយៈពេលបួនរយឆ្នាំ។ នៅកំឡុងសម័យពួកចៅហ្វាយនិងដំណាក់កាលដំបូងនៃរាជាធិបតេយ្យពូជអំបូរនេះបានមានអំនួតដោយសារតែទីតាំងសំខាន់របស់ពួកគេ។ ប៉ុន្តែបន្ទាប់មក ព្រះបានបដិសេធរោងឧបោសថរបស់យ៉ូសែបហើយទ្រង់មិនបានជ្រើសរើសពូជអំបូរអេប្រាអិមទេតែទ្រង់បានជ្រើសរើសពូជអំបូរយូដាវិញ ដែលភ្នំស៊ីយ៉ូនដែលទ្រង់បានស្រឡាញ់ (ទំនុកដំកើង ៧៨:៦៧, ៦៨)។ អំណាចរបស់អេប្រាអិមត្រូវបានធ្លាក់ចុះនៅពេលហិបសញ្ញាត្រូវបានយកចេញពីតំបន់ស៊ីឡូរទៅស៊ីយ៉ូន។
ចាប់ពីការច្បាំងដណ្ដើមយកស្រុកកាណានរហូតដល់សម័យស្តេចដាវីឌនិងសាឡូម៉ូនអេប្រាអិមគឺជាពូជអំបូរពិសេសជាងគេនៅក្នុងអ៊ីស្រាអែល។ ពូជអំបូរនេះកាន់កាប់ផ្នែកកណ្តាលនិងល្អបំផុតនៃទឹកដីហើយមានស៊ីឡូនិងស៊ីគែមប៉ុន្តែនៅពេលស្តេចដាវីឌគ្រប់គ្រងក្រុងយេរូសាឡិមបានក្លាយជារាជធានីនៃអាណាចក្រនិងមជ្ឈមណ្ឌលនៃការថ្វាយបង្គំសម្រាប់ជាតិសាសន៍អ៊ីស្រាអែលទាំងមូល នោះឥទ្ធិពលរបស់អេប្រាអិមបានធ្លាក់ចុះ។ ការច្រណែនរបស់អេប្រាអិមចំពោះការរីកចម្រើនអំណាចរបស់យូដាគឺជាមូលហេតុមួយនៃការបាក់បែកនៅក្នុងអ៊ីស្រាអែល។
Leave a Reply